Startup Journey: PHZARLAN

    September 20, 2022 E-Commerce Automotive


     

    តោះទៅស្វែងយល់បន្ថែមពីធុរកិច្ចថ្មីមួយសម្រាប់ខែសីហានេះ ដែលកម្មវិធី Startup Journey នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ធុរកិច្ចថ្មីមួយដែលអនុញ្ញាតឱ្យអ្នកលក់ និងអ្នកទិញរថយន្តជួបគ្នា។​ ចង់ដឹងថាក្រុមធុរកិច្ចថ្មីនោះជានរណា ដោះស្រាយលើបញ្ហាអ្វី និងត្រូវបានបង្កើតឡើងដោយរបៀបណា តោះទៅអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

      

     

    អំពី ”ផ្សារឡាន” 

    “ផ្សារឡាន” ត្រូវបានបង្កើតឡើងនៅក្នុងខែកក្ដដា ឆ្នាំ២០១៩ ដែលជាវេទិកាទីផ្សាររថយន្ត បែបឌីជីថលទំនើបស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យធ្វើការដាក់លក់ ផ្សព្វផ្សាយ និងស្វែងរកយាន្តយន្ត ដែលមានលក្ខណៈទំនើប និងស្វ័យប្រវត្តិ តាមរយៈគេហទំព័រ Website និង Mobile Application។  

     

    បេសកម្ម និងចក្ខុវិស័យ 

    “ផ្សារឡាន” មានបេសកកម្មបង្កើតជម្រើសមួយថ្មីដល់ភាគីពាក់ព័ន្ធ ដើម្បីសម្រួលដល់ការទិញ ឬលក់យាន្តយន្ត ដែលអាចកាត់បន្ថយរាល់ការចំណាយ និងចំណេញពេលវេលា និងត្រូវបានទទួលស្គាល់ពីប្រជាពលរដ្ឋទូទៅ។ 

     

    ចក្ខុវិស័យរបស់ “ផ្សារឡាន” គឺប្រែក្លាយខ្លួនជាប្រព័ន្ធប្រតិបត្តិការបច្ចេកវិទ្យាស្វ័យប្រត្តិឈានមុខគេនៅប្រទេសកម្ពុជា លើការផ្សព្វផ្សាយយាន្តជំនិះ អមដោយកិច្ចសហប្រតិបត្តិការរបស់ក្រុមការងារដ៏ឆ្លាតវៃ។  

     

    ស្ថាបនិក និងសហស្ថាបនិក៖  

    ១. លោក គាំ ពិសាល 

    ២. អនាមិក 


    ការបង្កើតធុរកិច្ចថ្មី “PHZARLAN”  

     

    លោក ពិសាល បាននាំមកជាមួយនូវបទពិសោធន៍ជាង ១០ឆ្នាំផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ក្រៅពីនេះ បច្ចុប្បន្នលោកជាទីប្រឹក្សាជាតិ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអគ្គនាយកក្រុមហ៊ុន Modernize Tech Insights Co., Ltd. លើសពីនេះលោកក៏ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ YELLOWSOFT។ ការទទួលខុសត្រូវចម្បងរបស់គាត់រួមមានយុទ្ធសាស្រ្តរៀបចំផែនការប្រតិបត្ដិការរួម និងកំណត់ចក្ខុវិស័យសម្រាប់ក្រុមហ៊ុន។ 

     

    មុនពេលផ្តួចផ្តើមគំនិតបង្កើត “ផ្សារឡាន” លោកពិសាល គឺជាអ្នកគ្រប់គ្រងគម្រោង និងជាអ្នកប្រឹក្សាយោបល់នៅក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយ​ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបាត់ដំបង។ ជំនាញចម្បងរបស់គាត់រួមមានការគ្រប់គ្រងគម្រោង ការវិភាគប្រព័ន្ធ និងការរចនាដំណោះស្រាយ ការធ្វើទីផ្សារយុទ្ធសាស្រ្ត ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រ​ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ 

    លោក ពិសាល ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន និងគ្រប់គ្រងនៅសាកលវិទ្យាល័យបាត់ដំបង។ គាត់ក៏ជានិស្សិតផ្លាស់ប្តូរការសិក្សានៅក្រោមអាហារូបករណ៍ ERASMUS នៅសាកលវិទ្យាល័យ Paul Sabatier (ប្រទេសបារាំង)។ 

     

    ផ្ដើមចេញពី​មិត្តភក្ដិរាប់អានគ្នា, លោក គាំ ពិសាល ជាស្ថាបនិក និងសហស្ថាបនិក ១ រូបទៀត ដែលមានជំនាញផ្សេងៗគ្នាបានពិភាក្សាអំពីបញ្ហា ក៏ដូចជាកត្តាលំបាកនៃការទិញ ឬលក់យានយាន្តនៅក្នុងស្រុក ដែលខ្លួនបានជួបប្រទះ។ ក្រោយពីបានជជែកគ្នារួច គំរូអាជីវកម្មរបស់ធុរកិច្ចថ្មីនេះបានលេចចេញ ជា​រូបរាងនាខែកក្ដដា ឆ្នាំ២០១៩។ ការបង្កើតធុរកិច្ចថ្មីនៅលើវិស័យរថយន្តនេះ​​ ត្រូវបានស្ថាបនិកនៃធុរកិច្ចថ្មីនេះលើកឡើងថា ដោយសារតែខ្លួនចង់ដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋ ដែលចង់រកទិញ និងចង់លក់រថយន្តផ្ទាល់ខ្លួន ដោយបង្កើតជាវេទិកាមួយអាចឱ្យពួកគេបានជួបគ្នា ឱ្យបានលឿនរហ័ស កាត់បន្ថយចំណាយ និងពេលវេលាជាដើម។ ជាពិសេសជាងនេះទៅទៀត, សម្រាប់អ្នកដែលមានក្តីស្រមៃចង់បានរថយន្តដែលខ្លួនស្រលាញ់ មានភាពងាយស្រួលក្នុងការស្វែងរក និងអាចដឹងអំពីតម្លៃប្រហាក់ប្រែលក្នុងការរៀបចំផែនការថវិកា។  

    បន្ទាប់ពីបានសិក្សា និងរៀបចំនូវបេសសកម្ម ព្រមទាំងចក្ខុវិស័យរួច, ស្ថាបនិកនៃធុរកិច្ចថ្មីនេះបានកំណត់ពាក្យ “ផ្សារឡាន” ជាឈ្មោះរបស់ធុរកិច្ចថ្មីនេះតែម្ដង។​ ការកំណត់ឈ្មោះនេះ ដោយសារពួកគេយល់ថា​ ងាយស្រួលចាំ និងយល់ ដែលវាជាពាក្យសមញ្ញមួយផ្សំឡើងពីពាក្យ ផ្សារ + ឡាន ។ ជារួមមក, តាមការពន្យល់ពីលោក​ ពិសាល “ផ្សារឡាន” មានអត្ថន័យសំដៅដល់ទីកន្លែងមនុស្សមកជួបជុំគ្នា ដើម្បីរកទិញ, លក់, ដេញថ្លៃ នូវរថយន្តមិនថាជាលក្ខណៈផ្ទាល់ខ្លួន ឬអាជីវកម្មឡើយ។   

    ទោះយ៉ាងណាក៏ដោយ, ការបង្កើតនូវធុរកិច្ចថ្មីមួយនេះ នៅដំណាក់កាលដំបូង មិនមែនអ្វីៗសុទ្ធតែរលូននោះទេ, តួយ៉ាង​លោក ពិសាស បានជួបនូវផលលំបាកមួយចំនួនផងដែរ ដែលក្នុងនោះលោកលើកឡើងថា ធុរកិច្ចថ្មីរបស់លោកត្រូវការក្រុមការងារដែលខ្លាំង ជាពិសេសការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដែលទាមទារនូវធនធានមនុស្សដែលមានជំនាញ ស្រមពេលហិរញ្ញវត្ថុក៏ជាកត្តាចាំបាច់ចុងក្រោយ ដែលត្រូវយកមកផ្គត់ផ្គង់ដល់ប្រតិបត្តិការប្រចាំថ្ងៃ, ជាក់ស្ដែងក្រុមការងាររបស់លោក បានរៀបចំថវិកាដែលត្រូវរ៉ាប់រងដល់ប្រតិបត្តិរបស់ខ្លួនសម្រាប់រយៈពេល ២ ឆ្នាំ។​ យ៉ាងណាមិញ, លោក ពិសាស ពេលខ្លះមានអារម្មណ៍ចង់បញ្ឈប់ដំណើរនៃធុរកិច្ចថ្មីនេះផងដែរ ដោយសារតែការទទួលបាននូវភាពស្មុគ្រស្មាញខ្លាំង​ ក៏ប៉ុន្តែដោយមានចិត្តស្រលាញ់នូវអ្វីដែលខ្លួនកំពុងធ្វើ, លោក ពិសាល បានចែករំលែកថាលោកនឹងសម្រាក់ពីការងារមួយរយៈ ដើម្បីមានពេលវេលាគិតគូរពីដំណោះស្រាយ ឬបញ្ហាដែលលោក ក៏ដូចជាធុរកិច្ចថ្មីរបស់លោកកំពុងជួបប្រទះ។  

     

    អំពីសេវាកម្ម “PHZARLAN” 

    សេវាកម្មដែលផ្ដល់ពីធុរកិច្ចថ្មីមួយនេះមានដូចជា៖  

    1. កញ្ចប់សមាជិកភាព (Membership) 
    2. ការដាក់បងា្ហញលក់រថយន្ត 
    3. ការជំរុញការលក់ 
    4. ការផ្សព្វផ្សាយ 

     

    អតិថិជនគោលដៅរបស់ ផ្សារឡាន គឺប្រជាជនដែលមានរថយន្តប្រើប្រាស់ និងមានបំណង់ចង់លក់ ក៏ដូចជាប្រជាជនដែលមានបំណង់ចង់ទិញរថយន្ត។ មកដល់ពេលនេះ, នៅក្នុងដំណាក់សាកល្បង ធុរកិច្ចថ្មី “ផ្សារឡាន” មានអ្នកប្រើប្រាស់ចំនួនប្រមាណ ៦០០ នាក់ ដែលបានធ្វើការដាក់បង្ហាញរថយន្តជាប្រចាំផងងដែរ។ 

     

    ផែនការអនាគត 

    ធុរកិច្ចថ្មី “ផ្សារឡាន” មានសេចក្ដីរំពឹងថា នៅ ៥ ឆ្នាំខាងមុខ, ធុរកិច្ចថ្មីមួយនេះ នឹងក្លាយជាជម្រើសទី ១ របស់ប្រជាជនកម្ពុជា នៅលើការទិញ, លក់ ឬដេញថ្លៃរថយន្ត។  

     

    ដំបូន្មាន 

    ដើម្បីក្លាយជាសហគ្រិន ឬចង់បង្កើតធុរកិច្ចថ្មីរបស់ខ្លួន បុគ្គលនីមួយៗត្រូវរៀនដឹកនាំខ្លួនឯងជាមុនសិន មុននឹងឈានទៅដឹងនាំអ្នកដទៃ ជាពិសេសដឹកនាំធុរកិច្ចថ្មីជាដើម។ បន្ថែមលើនេះ ក្រៅពីចំណេះដឹង បុគ្គលម្នាក់ៗត្រូវមានបទពិសោធន៍ផងដែរ ដើម្បីអាចទៅគ្រប់គ្រងធុរកិច្ចថ្មីមួយបាន។ 

     

    ទំនាក់ទំនង 

    ដើម្បីស្វែងយល់លម្អិតបន្ថែម និងចង់ដកស្រង់បទពិសោធន៍ថ្មី ឬចង់ចូលរួមជាមួយធុរកិច្ចថ្មីមួយនេះសូមទំនាក់ទំនង៖ 

     

    លេខទូរស័ព្ទ៖+855 61 848 989 

    Email៖ Pisal.k@phzarlan.com 

     

    អ្នកអាចធ្វើការស្វែងយល់បន្ថែមពីធុរកិច្ចថ្មីមួយនេះ តាមរយៈទំព័រ Website និង​ Facebook ខាងក្រោម៖  

    • https://phzarlan.com/ 
    • https://www.facebook.com/phzarlan 


    សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “PHZARLAN” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់ Techo Startup Center និង Startup Cambodia។  

     

     

    Attachment
    Startup_Journey___PHZARLAN.pdf
    Size: 25.0KB