Startup Journey: BLOC Delivery

    September 23, 2022 E-Commerce

    តោះទៅស្វែងយល់បន្ថែមពីធុរកិច្ចថ្មីមួយសម្រាប់ខែកញ្ញានេះ ដែលកម្មវិធី Startup Journey នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ធុរកិច្ចថ្មីមួយដែលអនុញ្ញាតឱ្យអ្នកទាំងអស់គ្នាកម៉្មងផលិតផលសម្រាប់ទារក គ្រឿងទេស និងម្ហូបអាហារនៅលើអនឡាញ ព្រមទាំងសេវាកម្មដឹងជញ្ជូនទៅដល់ផ្ទះ។ ចង់ដឹងថាក្រុមធុរកិច្ចថ្មីនោះជានរណា ដោះស្រាយលើបញ្ហាអ្វី និងត្រូវបានបង្កើតឡើងដោយរបៀបណា តោះទៅអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

    អំពី ”Bloc Delivery”

    Bloc Delivery គឺជាវេទិការដែលអនុញ្ញាតឱ្យអតិថិជនធ្វើការកម៉្មងផលិតផលសម្រាប់ទារក ឬកូនក្មេង គ្រឿងទេស និងម្ហូបអាហារនៅលើអនឡាញ ជាមួយសេវាកម្មដឹងជញ្ជូនទៅដល់ផ្ទះ។

     

    បេសកម្ម និងចក្ខុវិស័យ

    “Bloc Delivery” មានបេសកកម្មផ្ដល់ជូននូវភាពងាយស្រួលដល់ស្រ្តីមេផ្ទះ, មេគ្រួសារ ឬគ្រួសារទើបតែសម្រាលកូន ក្នុងការកម្ម៉ងទំនិញ ឬម្ហូបអាហារពីផ្ទះ ដោយមិនចាំបាច់ចេញមកក្រៅ។ ជាមួយនឹងចក្ខុវិស័យផ្ដល់ជូននូវសេវាកម្មដ៏សំបូរបែបផ្នែកសំភារៈ ផលិតផលសម្រាប់ទារក គ្រឿងទេស និងម្ហូបអាហារ នៅទូទាំងប្រទេស។

     

    ស្ថាបនិក និងសហស្ថាបនិក៖

    ១. លោក ឃី ទីគា នាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន

    ២. អនាមិក

    ៣. អនាមិក

     

    ការបង្កើតធុរកិច្ចថ្មី “Bloc Delivery”

     

    លោកឃី ទីគា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) នៅប្រទេសចិន ក្នុងឆ្នាំ២០១៦។ ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសចិនភ្លាម លោកឃី ទីគា ក៏បានមកដល់ប្រទេសកំណើតវិញ និងមើលឃើញពីសក្កានុពល និងភាពរីកចម្រើនរបស់វិស័យឌីជីថល ក៏សម្រេចចិត្តសិក្សាពីទីផ្សារអំពី E-commerce ដើម្បីជាការចូលរួមសម្រួលដល់ជិវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ។ ដោយមានការចូលរួមពីសំណាក់មិត្តភកិ្ត ២ នាក់ផ្សេងទៀត ដែលពួកគេទាំង ៣ រូបបានចែករំលែកនូវបទពិសោធន៍នៃភាពលំបាកក្នុងការចេញទៅក្រៅ ដោយខ្លួនជាប់រវល់នៅកន្លែងធ្វើការ ឬមិនអាចចេញពីផ្ទះបាន ដើម្បីស្វែងរកទិញទំនិញផ្សេង យកមកប្រើប្រាស់។ ក្នុងនោះ, លោកឃី ទីគា, រូបលោកក៏បានជួបបញ្ហានេះដោយផ្ទាល់ផងដែរ ជាក់ស្ដែងនៅពេលនោះ, ភរិយារបស់លោក ទើបតែសម្រាលកូន និងតែងតែមានតម្រូវការចេញទៅក្រៅដើម្បីទិញសម្ភារៈទារកជាដើម, ដោយសាររូបលោកត្រូវមានភារៈរវល់នៅក្នុងធ្វើការផង លោកត្រូវការបែងចែកពេលវេលាខ្លះរបស់លោក ដើម្បីស្វែងរកទិញទំនិញដែលលោក និងគ្រួសារមានតម្រូវការប្រើប្រាស់។ មិនខុសគ្នាប៉ុន្មានពីរូបលោក, មិត្តភក្តិរបស់លោក ២ នាក់ផ្សេងទៀតក៏បានជួបបញ្ហាស្រដៀងគ្នានេះដែរ។

     

    ដោយមានកូនចិត្តចង់ដោះស្រាយបញ្ហានេះ, មិត្តភក្តិរបស់លោក ឃី ទីគា ក៏បានឈប់ពីកន្លែងដែលខ្លួនកំពុងបម្រើការងារ ដើម្បីមកបង្កើតនូវធុរកិច្ចថ្មីមួយ ឈ្មោះថា “Bloc” នៅក្នុងឆ្នាំ ២០១៨ ដែលផ្ដល់ជូននូវវេទិកាអនឡាញ និងការដឹកជញ្ជូនដល់ផ្ទះ ដោយធ្វើការផ្ដោតជាពិសេសទៅលើផលិតផលទារក ឬកូនក្មេង, គ្រឿងទេស​ និងម្ហូបអាហារ។ គិតត្រឹមពេលនេះ, Bloc មានក្រុមការងារសរុបប្រមាណ ២០ នាក់ ជាមួយអ្នកដឹកជញ្ជូនប្រមាណ ១០០នាក់នៅទូទាំងទីក្រុងភ្នំពេញ។

     

     “Bloc” មានអត្ថន័យសំដៅដល់ តំបន់ ឬ ប្លុកណាមួយ។ ឧទាហរណ៍ ប្លុកបឹងកេងកង់ ជាដើម។ ការដាក់ឈ្មោះ Bloc គឺដើម្បីបង្កើតជាភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកទំនិញផ្សេងៗនៅក្នុងប្លុក ឬតំបន់ដែលខ្លួនកំពុងរស់នៅផ្ទាល់។

     

    នៅក្នុងដំណើរក្នុងការបង្កើតឡើងនូវធុរកិច្ចថ្មីមួយនេះ, ស្ថាបនិកនៃធុរកិច្ចថ្មីមួយនេះបានលើកឡើងពីកត្តាលំបាកចំនួន ២​ យ៉ាង៖

     

    ទី១. ការដើរចូលទីផ្សារ

    និងទី២. ការចំណាយពេលវេលារយៈពេលវែងក្នុងការបង្កើត។​

     

    បើទោះបីជាពេលខ្លះ លោកធ្លាប់មានអារម្មណ៍ថាណឿយហត់ក៏ដោយ ក៏លោកមិនបានបោះបង់ចោលនូវធុរកិច្ចថ្មីនេះដែរ ដោយមានអ្នកប្រើប្រាស់គឺជាកម្លាំងចិត្តប្រចាំថ្ងៃក្នុងជំរុញឱ្យលោកខិតខំបន្តផ្ដល់សេវាកម្មឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយការបង្កើតឡើងនូវធុរកិច្ចថ្មីនេះដែរ​ ស្ថាបនិកនៃធុរកិច្ចថ្មីនេះបានលើកឡើងពីភាពខ្លាំងចំនួន ៣ ដែល Bloc Delivery មាន៖

    ១. ក្រុមការងារខ្លាំង

    ២. លោកទីគាផ្ទាល់មានបទពិសោធន៍ជាង ២០ឆ្នាំ លើការបង្កើត Software

    ៣. លោកមានការស្វែងយល់ច្រើនពី E-commerce ដោយសារលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនេះនៅប្រទេសចិន


    ភាពខ្លាំងទាំងអស់ខាងលើ បានរុញច្រាញឱ្យ Bloc ទទួលបានការគាំទ្រជាលំដាប់ពីអ្នកប្រើប្រាស់នៅក្នុងក្រុងភ្នំពេញ ដែលក្នុងនោះភាគច្រើនជាស្រ្តីមេផ្ទះ ឬស្រ្តីដែលមានកូនតូចនៅក្នុងបន្ទុក។ យ៉ាងណាមិញ, ស្ថាបនិករូបនេះយល់ឃើញថា ទីផ្សារ E-commerce នៅក្នុងប្រទេសកម្ពុជាមិនទាន់មានចង្អៀតនៅឡើយទេ ដោយតម្រូវការផ្នែកនេះមានច្រើន តែការផ្ដល់សេវាកម្មហាក់បីជាមិនទាន់ទូលំទូលាយនៅឡើយ។

     

    អំពីសេវាកម្ម “Bloc Delivery”

    សេវាកម្មដែលផ្ដល់ពីធុរកិច្ចថ្មីមួយនេះមានដូចជា៖

    1.   ការបញ្ជាទិញតាមអនឡាញ (សម្ភារៈសម្រាប់ទារក ឬកូនក្មេង, គ្រឿងទេស និងម្ហូបអាហារ)

    2.   ការដឹកជញ្ជូនដល់មុខផ្ទះ

     

    មកដល់ពេលនេះ, កម្មវិធីរបស់ Bloc មានការទាញយកពី Playstore និង AppStore ជាង ២៣០០០០០ ដង និងមានអ្នកប្រើប្រាស់សកម្មប្រមាណ ៥០ ០០០ ទៅ ៦០ ០០០ នាក់​។

     

    ផែនការអនាគត

    សម្រាប់ ៥ ខាងមុខ, “Bloc Delivery” និងព្យាយាមពង្រីកទីផ្សារបច្ចុប្បន្នរបស់ខ្លួន ទៅកាន់បណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។


    ដំបូន្មាន

    ដំបូន្មានទៅកាន់អ្នកទើបតែចាប់ផ្ដើមបង្កើតនូវធុរកិច្ចថ្មី លោកឃី ទីគា ស្ថាបនិកនៃធុរកិច្ចថ្មី “Bloc” បានចែករលែកថា កុំបោះបង់ នៅពេលដែលយើងមានគំនិតថាអ្វីដែលយើងកំពុងធ្វើគឺជារឿងត្រឹមត្រូវ និងស្របជាមួយទិសដៅដែលយើងចង់បាន។ លោកក៏បានបញ្ជាក់ដែរថា ការបង្កើតធុរកិច្ចថ្មី ស្ថាបនិកនីមួយៗត្រូវចេះបត់បែន និងព្យាយាមទទួលយកការកែប្រែនូវគំរូអាជីវកម្មរបស់ខ្លួន ដោយមិនគួរគោរពទៅតាមគំរូអាជីវកម្មពីមុនមកពេកនោះទេ។​​ ម្យ៉ាងទៀត, បញ្ហាភាគច្រើនដែលស្ថាបនិកធុរកិច្ចថ្មីតែងតែជួបនោះគឺ ការខ្វះខាត់នូវបទពិសោធន៍ ដែលតម្រូវឱ្យស្ថាបនិកទាំងនោះត្រូវស្វែងរកនូវអ្នកណែនាំ ដើម្បីទទួលបាននូវការប្រឹក្សាដោះដូរយោបល់​ទៅលើបញ្ហាទាំងនោះ។

     

    រីឯអ្នកដែលមានបំណងចង់បង្កើតនូវធុរកិច្ចថ្មី លោក ឃី ទីគា បានចែករំលែកថា​ ការបង្កើតនូវធុរកិច្ចថ្មីមួយចាំបាច់បំផុតនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹង រីឯកត្តាអាយុមិនមែនជាចំណោទបញ្ហានោះទេ ជាក់ស្ដែងលោកបានឈានជើងបង្កើតធុរកិច្ចថ្មីដំបូងរបស់លោកផ្ទាល់ក្នុងវ័យ ៣៥ឆ្នាំ។

     

    ទំនាក់ទំនង

    ដើម្បីស្វែងយល់លម្អិតបន្ថែម និងចង់ដកស្រង់បទពិសោធន៍ថ្មី ឬចង់ចូលរួមជាមួយធុរកិច្ចថ្មីមួយនេះសូមទំនាក់ទំនង៖


    លេខទូរស័ព្ទ៖ 016 421 333

    Email៖ info@bloc.asia

     

    អ្នកអាចធ្វើការស្វែងយល់បន្ថែមពីធុរកិច្ចថ្មីមួយនេះ តាមរយៈទំព័រ Website និង​ Facebook ខាងក្រោម៖

    ·        https://bloc.asia/

    ·        https://www.facebook.com/blocdelivery

     

    សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Bloc Delivery” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់ Techo Startup Center និង Startup Cambodia។

     

    Attachment
    Startup_Journey_BLOC.pdf
    Size: 174.6KB